កណ្ដាល ៖ អតីតយុវជនរបស់គណបក្សប្រឆាំងដែលត្រូវរំលាយហើយនោះ អ្នកនាង ធីសុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ទីបំផុតបានក្លាយជាអភិបាលរងក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល។

ថ្មីៗនេះ អ្នកនាង ធី សុវណ្ណថា រួមនិងមន្ត្រីចំនួន ៥រូបផ្សេងទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។


យោងតាមគេហទំព័រហ្វេសប៊ុករបស់ អ្នកនាង ធី សុវណ្ណថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេរថា «នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំកម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស តែងតាំងមុខដំណែងដ៏សំខាន់ អភិបាលរងក្រុងអរិយក្សត្យ ដល់រូបនាងខ្ញុំ។ នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន»។


សូមបញ្ជាក់ថា ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយរបស់ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុងនេះមានសង្កាត់សរុបចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯមចំនួន៥ឃុំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ