គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ កម្ពុជាចម្រាញ់រ៉ែមាសបាន ៦ ៧២៧គីឡូក្រាម និងទទួលចំណូលពីសួយសារជាង ១០លានដុល្លារ
មណ្ឌលគិរី ៖ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៦ ៧២៧គីឡូក្រាម និងរកចំណូលពីសួយសារ បានជាង១០លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល។
សេចក្ដីប្រកាសព័ត៌មាននេះបានបង្ហាញក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «បន្ទាប់ពីបានសម្ពោធដាក់ឲ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាស ដែលមានគុណភាព៩០% បានចំនួនសរុប៦,៧២៧.៧០ គីឡូក្រាម។ ក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន១០,២២៨,២៣៩ដុល្លារ»។
នេះគឺជាសមិទ្ធផលដែលកើតចេញ ពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមក នូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំ នៅក្នុងវិស័យធនធានរ៉ែនេះ។
សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿន ឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម ផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែម ក្នុងសេចក្ដីប្រកាសព័ត៌មាន៕EB