កម្ពុជា ចម្រាញ់រ៉ែមាសបាន ៣,២៧៤គីឡូក្រាម បន្ទាប់ពីប្រតិបត្ដិការជាង ១ឆ្នាំ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ ៣,២៧៤គីឡូក្រាមហើយ បន្ទាប់ពីប្រតិបត្ដិការបានជាង១ឆ្នាំ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
ក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។
ក្នុងពិធីសម្ពោធផ្លូវប្រវែង១,៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់១៥សង់ទីម៉ែត្រ នៅឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស៊ុយ សែម បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុន Renaissance Minerals ចាប់ផ្ដើមដំណើរការ ចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានចំនួន៣,២៧៤គីឡូក្រាម។
ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជាង១ឆ្នាំហើយ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា៕