រយៈពេល៨ខែ ក្នុងឆ្នាំ២០២២ កម្ពុជាចម្រាញ់រ៉ែមាសបាន ៣,៥៤៣គីឡូក្រាម និងចំណូលបានពីសួយសារជាង ៥លានដុល្លារ
(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២២នេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន៣,៥៤៣គីឡូក្រាម និងរកចំណូលពីសួយសារ បានជាង៥លានដុល្លារ។ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។
លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងទៅនឹងរ៉ែមាស មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី គឺបានផលិតមាសបានគិតជាដុំចំនួន២៣២ដុំ ហើយគិតជាគីឡូក្រាម គឺបានចំនួន ៣,៥៤៣គីឡូក្រាម គិតត្រឹមដើមខែសីហា ឆ្នាំ២០២២។ ចំពោះចំណូលសួយសារក្រុមហ៊ុនបានបង់ចូលរដ្ឋ ចំនួនជាង៥លាន១សែនដុល្លារ»។
ជាមួយគ្នានេះ លោក អ៉ឹង ឌីប៊ូឡា ក៏បានឲ្យដឹងផងដែរថា ទាក់ទងនឹងអាជីវកម្មរ៉ែមាសនេះ មានក្រុមហ៊ុនចំនួន៧ ដែលបានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។
បច្ចុប្បន្ននេះ កម្ពុជាអត់ទាន់មានអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរីទេ គឺមានតែអាជ្ញាប័ណ្ណស្វែងរុករករ៉ែមាសចំនួន៣ ក្នុងនោះចំនួន២ គឺក្រុមហ៊ុនមកពីកាណាដា Angkor Gold និងមួយទៀតនោះ ក្រុមហ៊ុនមកពីប្រទេសចិន។ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពី រុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី និងក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា៕SP