ក្រសួងមហាផ្ទៃ អំពាវនាវដល់ពលរដ្ឋ មានអត្ដសញ្ញាណប័ណ្ណអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម ៩០ថ្ងៃ អញ្ជើញប្ដូរអគ្តសញ្ញាណប័ណ្ណថ្មី
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹម ៩០ថ្ងៃ អញ្ជើញមកបំពេញបែបបទសុំប្តូរយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា)។
យោងតាមសេចក្ដីអំពាវនាវរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល ១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់។ ដូច្នេះ អត្តសញ្ញាណប័ណ្ណ ដែលបានផ្តល់ជូនតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។
គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន ១.៧២៧.០៩៤ នាក់ ត្រូវអស់សុពលភាព។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ៦៩៤.១៤២ នាក់ បានទៅបំពេញបែបបទស្នើសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីរួចហើយ។
ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹម៩០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) នៅតាមបណ្តាទីតាំងណាមួយដូចខាងក្រោម៖
១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល
តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។
២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)
៣. ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល២ (Aeon Mall II) សែនសុខ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលពុំតម្រូវឱ្យមានការបង់ប្រាក់អ្វីឡើយ ក្នុងការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា)៕