ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន។
យោងតាមសេចក្ដីសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជនអំពី សេវាបន្ថែមលើការផ្តល់លិខិតឆ្លងដែន ដូចជា៖
១- ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្តល់លិខិតឆ្លងដែន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code។ ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួច សាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬសាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្មៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំ និងឯកសារយោង។
២- ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់ សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬ ស្ថានភាពអ្នកស្នើសុំ។ គំរូពាក្យស្នើសុំផ្តល់សេវាលិខិតឆ្លងដែនក្រៅទីតាំងផ្លូវការ មានភ្ជាប់ជូនក្នុង ឧបសម្ព័ន្ធ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំង របស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
៣. សម្រាប់ប្រជាពលរដ្ឋ ដែលមានការងារមមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចអញ្ជើញទៅកាន់ ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីទទួលសេវា៕