ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវលុបបំបាត់ដោយធ្វើការបង្ក្រាបមេក្លោងបណ្ដាញចែកចាយគ្រឿងញៀន នៅតាម ឃុំ-សង្កាត់។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ដ្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវចាត់វិធានការតឹងរឹង ម៉ឹងម៉ាត់ជាទីបំផុត ចំពោះករណីចែកគ្រឿងញៀន ក្នុងសហគមន៍។

សម្ដេចធិបតី ក៏បានកោតសរសើរចំពោះអគ្គស្នងការដ្ឋានគរបាលជាតិ ក៏ដូចជា គណៈបញ្ជាការឯកភាពរាជធានី កន្លងមក បានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្ដ។ សម្ដេច ស្នើគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ដោយត្រូវចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ ចំពោះទីតាំងឡាយអនុញ្ញាតឱ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេស ត្រូវក្ដាប់ឱ្យបានអត្ដសញ្ញាណម្ចាស់ទីតាំងពិតប្រាកដ និងត្រូវចាត់វិធានឱ្យដល់ឬគល់។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមស្នើដល់អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការលុបបំបាត់ដោយត្រូវបង្ក្រាប់មេក្លោងបណ្ដាញចែកចាយគ្រឿងញៀន នៅតាម ឃុំ-សង្កាត់ និងត្រូវសហការជាមួយ ឪពុក-ម្ដាយ អាណាព្យាបាល ប្រមូលអ្នកញៀនចេញពីសហគមន៍ ដើម្បីមកទទួកការបន្សោប ព្យាបាល ទាំងនៅតាមមជ្ឈមណ្ឌលរដ្ឋ និងឯកជន»។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤នេះ កម្ពុជា នៅតែរងការប៉ះពាល់ពីការជួយដូរគ្រឿងញៀនខុសច្បាប់ពីក្រុមជនឧក្រិដ្ឋ ខណៈដែលបញ្ហាគ្រឿងញៀននេះក៏បានរីករាលដាល់ទៅដល់តំបន់ជនបទមួយចំនួនក្នុងប្រទេស កម្ពុជា ផងដែរ។ សម្ដេច ក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននៅកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ