ក្រសួងការងារ ៖ ពលរដ្ឋខ្មែរ រស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជម្លៀសទៅទីកន្លែងមានសុវត្ថិភាព
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ កំពុសរស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជប៉ុន ជម្លៀសទៅទីកន្លែងមានសុវត្ថិភាព ខណៈក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បន្តតាមដានចំពោះសុខសុវត្ថិភាព ពលរដ្ឋខ្មែរទាំងនោះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ នាថ្ងៃទី១ មករា បានបញ្ជាក់ថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន គឺហានិភ័យ នៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុន ត្រូវថមថយឥទ្ធិពល។
ក្រសួង បន្ដថា ចំពោះមុខនេះ នៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។
ក្រសួង គូសបញ្ជាក់ថា «បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុន បានជម្លៀសពលរដ្ឋ និងជនបរទេស ដែលរួមទាំងបងប្អូនខ្មែរយើង ទៅទីកន្លែងដែលមានសុវត្ថិភាព។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព របស់ពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ»។
សូមរំលឹកថា តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី១ មករា ស្ថានឯកអគ្គរាជទូតកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដីដ៏ធំសម្បើម ហើយត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាននៅទីនោះ៕EB