រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ៖ បញ្ហាព្រំដែនតាមបណ្តោយព្រំដែនថៃ-កម្ពុជា ភាគីទាំងពីរ មិនគួរមើលបញ្ហានេះ ជារឿងគួរឱ្យព្រួយបារម្ភខ្លាំងពេក ព្រោះបញ្ហាព្រំដែនជាបញ្ហាដែលនិយាយមិនចេះចប់
ថៃ៖ តាមកាសែតថៃរ៉ាត់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នារដ្ឋសភា លោក Phumtham Wechay achai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានលើកឡើងពីភាពមិនស្ងប់តាមបណ្តោយព្រំដែនថៃ-កម្ពុជា នៅខេត្តស្រះកែវ ។
លោកបានថ្លែងថា មិនគួរមើលបញ្ហានេះថាជារឿងគួរឱ្យព្រួយបារម្ភខ្លាំងពេកនោះទេ ព្រោះបញ្ហាព្រំដែនជាបញ្ហាដែលនិយាយមិនចេះចប់ ទាំងតំបន់លើដី និងសមុទ្រ ដោយសារភាគីទាំងសងខាងប្រើផែនទីខុសគ្នា ហើយភាគីនីមួយៗអះអាងសិទ្ធិលើតំបន់របស់ខ្លួន ដែលមានផ្នែកត្រួតស៊ីគ្នា និងមិនទាន់មានភាពច្បាស់លាស់។ បញ្ហានេះកំពុងស្ថិតក្នុងការចរចា មិនថាជាព្រំដែនថៃ-មីយ៉ាន់ម៉ា ថៃ-ឡាវ ឬថៃ-កម្ពុជាសុទ្ធតែជួបបញ្ហាអូសបន្លាយពេលដូចគ្នា។
លោកបានស្នើឱ្យដោះស្រាយតំបន់ត្រួតស៊ីគ្នានេះដោយសន្តិវិធី ដោយភាគីទាំងសងខាងត្រូវអត់ធ្មត់ ព្រោះកម្រិតនៃការអត់ធ្មត់របស់ប្រទេសនីមួយៗមិនស្មើគ្នា ដោយសារភាគីនីមួយៗចាត់ទុកតំបន់នោះជារបស់ខ្លួន ដូច្នេះចាំបាច់ត្រូវតែប្រើការចរចារ។ លោកបានបន្តថា តំបន់ណាដែលមានបញ្ហា ហើយមិនទាន់អាចដោះស្រាយបាន គួរផ្អាកទុកសិន។
ប្រសិនបើមានការឈ្លានពាន ត្រូវនិយាយគ្នា ប្រើភាពអត់ធ្មត់ដើម្បីដោះស្រាយបញ្ហា និងមិនចង់ពង្រីករឿងឱ្យកាន់តែធំ ព្រោះបញ្ហានេះ មានតែជម្រើសពីរប៉ុណ្ណោះគឺ ចរចាដោយសន្តិវិធី ឬភាគីទាំងសងខាងមិនព្រមសម្របសម្រយលគ្នា ហើយប្រើកម្លាំងទ័ពរៀងខ្លួនដើម្បីដណ្តើមតំបន់ ដែលនឹងនាំទៅរកសង្គ្រាម និងអំពើហិង្សា ដែលជាអ្វីដែលយើងមិនចង់ឱ្យកើតឡើងនោះទេ៕