ភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនកម្ពុជាឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញជួញដូរគ្រឿងញៀនជាង៥គីឡូក្រាមនៅជិតវិទ្យាស្ថានជាតិប៉ាស័រកម្ពុជា។ នេះបើតាមមន្ទីរប្រឆាំងគ្រឿងញៀនកម្ពុជា បញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

មន្ទីរប្រឆាំងគ្រឿងញៀនអះអាងថា កម្លាំងជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីជួញដូរ-រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមផ្លូវព្រះមុនីវង្ស (ជិតវិទ្យាស្ថានជាតិប៉ាស័រកម្ពុជា) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនោះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាំង យ៉ាំងតង (TRANG VANG TOAN) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម។ ចាប់យកវត្ថុតាងរួមមានគ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៥គីឡូ និង៤២៧,០៧ក្រាម។ ប្រភពបន្ថែមថា ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ