ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន៣៣នាក់ ក្នុងនោះមានស្រី៥នាក់ ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រេចបណ្តេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១៩មិថុនាឆ្នាំ២០២៤។ ការបណ្តេញចេញពីកម្ពុជា ដោយសារជនជាតិវៀតណាមទាំងនេះ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសគ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញជនជាតិវៀតណាមទាំង៣៣នាក់ចេញពីប្រទេសកម្ពុជានេះ គឺអនុវត្តតាមអនុសាសន៍របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកសុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ ជនជាតិវៀតណាមទាំងនេះ ត្រូវបាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទន្ទឹមនឹងនោះ ជនជាតិវៀតណាមទាំង៣៣នាក់នោះ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ