កម្ពុជាបណ្តេញជនជាតិវៀតណាម ជាង២០០នាក់ចេញពីប្រទេស ក្រោយលួចស្នាក់នៅ និងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
ភ្នំពេញ៖អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិវៀតណាមជាង២០០នាក់ចេញពីប្រទេស ខណៈដែលរកឃើញថា ពួកគេបានលួចស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam)។ នេះបើតាមការឱ្យដឹងពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២១ ខែមេសា។
យោងតាមការចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យដឹងថា ជនជាតិវៀតណាមទាំង ២៣១នាក់ក្នុងនោះមានស្រី ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅ៣ទីតាំងផ្សេងគ្នាស្ថិតនៅភូមិសាស្ត្រ ខេត្តព្រះសីហនុ និងក្រុងព្រះសីហនុ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ហាញថា កាលពីថ្ងៃទី៥ ខែមេសា អាជ្ញាធរបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៨៨នាក់ ក្នុងនោះស្រី២០នាក់ នៅចំណុចសណ្ឋាគារធាន អី ហ៊ូ អ៊ីនធើណេមិន ឯ.ក ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ រីឯកាលពីថ្ងៃទី២៧ ខែមីនា អាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៣៥នាក់ ក្នុងនោះស្រី ១៥នាក់ នៅចំណុចថ្មយក្ស ស្ថិតនៅក្រុម១១ ភូមិ២ សង្កាត់លេខ៣។
ដោយឡែក ជនជាតិវៀតណាមប្រមាណ១០៨នាក់ផ្សេងទៀត ក្នុងនោះមានស្រី ១៦នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួនបានដូចគ្នានៅចំណុចអតីតកាសីណូ ភែរីដល អាយលែន។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង ២៣១នាក់ខាងលើ ពួកគេត្រូវបានបណ្ដេញចេញតាមច្រកទ្វារអន្តរជាតិព្រែកចាក ដោយមានការសម្របសម្រួល និងសហការរវាងសមត្ថកិច្ចកម្ពុជា និងវៀតណាម៕