វៀតណាម៖នៅក្នុងដំណើរទស្សនកិច្ចរបស់រុស្ស៊ីលើទឹកដីវៀតណាម គឺមានផលប្រយោជន៍២សំខាន់ៗ ដែលវៀតណាមចង់បាន រួមមាន៖ មហាអំណាចនុយក្លេអ៊ែរនេះ គឺជាអ្នកផ្គត់ផ្គង់សម្ភារយោធាដ៏ធំបំផុតដល់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ និងបច្ចេកវិទ្យារុករកប្រេងរបស់រុស្ស៊ីជួយរក្សាការទាមទារអធិបតេយ្យភាពរបស់វៀតណាម នៅក្នុងសមុទ្ទចិនខាងត្បូងដែលមានជម្លោះ។

លោក ពូទីន បាននិយាយថា ប្រទេសទាំងពីរចែករំលែកចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយគ្មានកន្លែងសម្រាប់ប្លុកនយោបាយ-យោធាបិទជិត។

 ស្ថិតនៅលើទឹកដីវៀតណាម ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ថា លោកចង់កសាងនិម្មាបនកម្មសន្តិសុខដែលអាចទុកចិត្តបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក ឡាំ បានបន្ថែមថា ទាំងរុស្ស៊ី និងវៀតណាម ចង់សហការបន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី។ លោកប្រធានាធិបតីវៀតណាម បាននិយាយថា លោកពូទីនបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងពិភពលោក។

វៀតណាម និងរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសមិទ្ធផលនៃការអនុវត្តរយៈពេលបីទសវត្សរ៍នៃសន្ធិសញ្ញាស្តីពីគោលការណ៍នៃទំនាក់ទំនងមិត្តភាព។ លោក ពូទីន និងប្រធានាធិបតីវៀតណាម លោក តូ ឡាំ បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការរុករកប្រេង និងឧស្ម័ន និងថាមពលស្អាត។

 ប្រទេសទាំងពីរ ក៏បានឯកភាពធ្វើការលើផែនទីបង្ហាញផ្លូវសម្រាប់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម។ ក្នុងចំណោមកិច្ចព្រមព្រៀងទាំង១២ដែលបានប្រកាសជាសាធារណៈ មិនមានពាក់ព័ន្ធនឹងការការពារឡើយ ប៉ុន្តែលោក ឡាំ បាននិយាយថា មានកិច្ចព្រមព្រៀងផ្សេងទៀត ដែលមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ។

វៀតណាមបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនប្រេង ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី Zarubezhneft ដើម្បីអភិវឌ្ឍប្លុកឈូងសមុទ្ទនៃឆ្នេរសមុទ្ទភាគអាគ្នេយ៍របស់ខ្លួន។ គួរបញ្ជាក់ថា រដ្ឋធានីហាណូយ និងមូស្គូ មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥០ ហើយឆ្នាំនេះជាខួបលើកទី៣០នៃសន្ធិសញ្ញាបង្កើតទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងរុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ