ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ នារដូវធ្លាក់ខ្យល់ និងការពារ ការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រសួង បានអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នាពេលបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ មិនទាន់បាត់អស់ពីប្រទេសកម្ពុជានៅឡើយ។ យើងកំពុងរស់នៅតាមគន្លងប្រក្រតី ភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយសារយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដែលធ្វើឱ្យមាននូវភាពស៊ាំ សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ 

ក្រសួង បន្ដថា ក្នុងពេលថ្មីៗនេះ នៅបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាន ក៏មានការកើនឡើងដោយកន្លែងនូវការចម្លងជំងឺកូវីដ-១៩ ឡើងវិញ។ ជាមួយគ្នានេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញករណីជំងឺកូវីដ-១៩ ជារឿយៗ នៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ដូចបានផ្សាយជូនក្នុង ប្រព័ន្ធរាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា «សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា»។

ក្រសួង បន្ថែមថា ការអនុវត្តនូវវិធានការ បង្ការនានា មានដូចជា ៖ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លង គឺពាក់ម៉ាសក្នុងករណីមានបញ្ហាសុខភាពផ្លូវដង្ហើម និងលាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬដែលលាង់ដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អកកណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស់ ក្រម៉ា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។ ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ពិបាកដកដង្ហើម សូមទៅស្វែងរក ការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។

ជាងនេះទៅទៀត ប្រជាពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្រប ដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ