សមត្ថកិច្ចរកឃើញសាច់បង្កកអត់ច្បាប់ជិត៤០ម៉ឺនគីឡូក្រាម នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានរកឃើញសាច់បង្កកអត់ច្បាប់ជិត៤០ម៉ឺនគីឡូក្រាម ។
សាច់បង្កកគ្មានឯកសារច្បាប់ទាំងនេះ រួមមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល បានអះអាងថា សាច់សត្វបង្កកទាំងនេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ឡើយ។ លោកបានគូសបញ្ជាក់ថា ក្រុមការងាររបស់លោកបានស្នើសុំទៅព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញឱ្យបិទឃ្លាំងបង្កកសាច់សត្វនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៕