ភ្នំពេញ៖ សាច់បង្កកខូចគុណភាពជាង២តោន ត្រូវកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី ក.ប.ប បង្រ្កាបបានកាលថ្ងៃទី១៣មិថុនា។ នេះបើយោងតាមការឱ្យដឹងពីស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤មិថុនា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា៖ សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាម រួមមាន៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនី។ សាច់បង្កកទាំងនេះ ត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញថា គ្មានការអនុញ្ញាតឱ្យនាំចូល និងគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ ដោយមិនអនុលោមទៅតាមលក្ខខណ្ឌតម្រូវម្ហូបអាហារ។
ក្រោយចប់ប្រតិបត្តិការ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់ឱ្យមន្រ្តី ក.ប.ប រាជធានីភ្នំពេញ ដើម្បីយកទៅដុតកម្ទេចចោល ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្រ្តីជំនាញ ក.ប.ប នាំយកទៅសូរនាំបន្តតាមនីតិវិធីច្បាប់៕