មីយ៉ាន់ម៉ា៖ គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែកញ្ញា តួលេខអ្នកស្លាប់នៅមីយ៉ាន់ម៉ា ដោយសារតែគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បង្កដោយព្យុះ Yagi កើនដល់ ២៣៦ នាក់ និង ៧៧ នាក់បាត់ខ្លួន ស្របពេលអង្គការសហប្រជាជាតិ ព្រមានថា មនុស្ស ៦៣ម៉ឺននាក់កំពុងត្រូវការជំនួយ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAFPនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងរយៈពេលជាងមួយសប្តាហ៍ដែលព្យុះ Yagi បានវាយប្រហារបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ភាគខាងជើងប្រទេសវៀតណាម ថៃឡង់ដ៍ ឡាវ និងមីយ៉ាន់ម៉ា ដោយបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីយ៉ាងធ្ងន់ធ្ងរ រហូតបានឆក់យកអាយុជីវិតមនុស្សសរុបជាង ៥០០ នាក់ នេះបើយោងតាមតួលេខផ្លូវការរបស់មន្ត្រី ។
មុនវាយប្រហារប្រទេសមីយ៉ាន់ម៉ា ព្យុះ Yagi បានបោកបក់ប្រទេសវៀតណាម ឡាវ និងថៃឡង់ដ៍ ដោយសម្លាប់មនុស្សជាង ២៦០ នាក់នៅវៀតណាម និងបង្កការខូចខាតយ៉ាងខ្លាំងពុំធ្លាប់មាន ។
គួររំឮកថា តួលេខអ្នកស្លាប់សរុបនៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលនេះ បានចេញផ្សាយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global New Light of Myanmar រាយការណ៍ថា មេដឹកនាំយោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing) កំពុងដាក់សំណើដ៏កម្រដើម្បីសុំជំនួយសង្គ្រោះពីបរទេស ៕