ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានច្រានចោលចំពោះគំនិតផ្តួចផ្ដើម ក្នុងការហាមមិនឲ្យនាំចូលរថយន្ដចាស់ចូលប្រទេសកម្ពុជា ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធរថយន្ដនៅកម្ពុជាឲ្យបានល្អវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី បានថ្លែងថា មកដល់ម៉ោងនេះ នៅកម្ពុជាមិនទាន់មានការចាំបាច់ ក្នុងការកំណត់ឆ្នាំរថយន្តចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឲ្យបានល្អវិញ ព្រោះថា «មួយឆ្នាំៗ ត្រូវយករថយន្ដមកឆៀកម្ដងៗ»។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ថ្ងៃមុន ក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអី ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឲ្យបានរឹងមាំវិញ។ កាលមុនមានកិច្ចប្រជុំ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សូមយោបល់ខ្ញុំ ដោយសារគិតគូរអំពីបរិស្ថាន ចឹងក៏បានគិតគូរអំពីស្នើសុំ ថា ឥឡូវ គួរតែហាមឆ្នាំ២០២៤នេះ ហាមមិនឲ្យនាំរថយន្ដលើសអាយុ ១០ឆ្នាំ ដល់ឆ្នាំ២០៣០ មហាមិនឲ្យនាំចូលរថយន្ដដែលអាយុ ៥ឆ្នាំ ដើម្បីយើងធានារថយន្ដឲ្យល្អ កុំឲ្យប៉ះពាល់បរិស្ថាន ខ្ញុំថា ដកចោលទៅ»។

សម្ដេចធិបតី បន្ដថា ប្រទេសខ្លះគេហាមនាំចូលរថយន្ដចាស់ ដើម្បីលើកស្ទួយវិស័យ កម្រិតឧស្សាហកម្មរថយន្ដនៅក្នុងប្រទេស។ ដោយឡែក ក្រុមហ៊ុនដំឡើងរថយន្ដនៅកម្ពុជា ក៏លើកទឹកចិត្ត ប៉ុន្ដែពួកគាត់មានសិទ្ធិប្រកួតប្រជែងជាមួយ អ្នកនាំចូលរថយន្ដមួយទឹក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ