ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាល បានព្រមានជាថ្មី កុំឱ្យមានការធ្វើរដ្ឋប្រហារ ឬដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » សម្តេចតេជោ បានព្រមានធ្ងន់ៗថា៖«សូមកុំធ្វើរដ្ឋប្រហារផ្តួលរំលំ សូមកុំដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឬសគុលនៃសង្គ្រាម ហើយវាជាឬសគុលនៃអំពើប្រល័យពូជសាសន៍»។
ក្នុងន័យនេះ សម្តេចលើកទឹកចិត្តឱ្យចូលរួមប្រកួតប្រជែងនយោបាយបែបលទ្ធិប្រជាធិបតេយ្យដែល ជារបបគ្រប់គ្រងគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយ និងការគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោតជាជាងប្រើគ្រាប់កាំភ្លើង។
សម្តេចថ្លែងទៀតថា បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែកម្ពុជាលែងមានក្រុមប្រដាប់អាវុធទៀតហើយ អ្វីដែលសំខាន់នោះអំពើហិង្សាក្នុងពេលបោះឆ្នោតបានរលាយសាបសូន្យពីឆាកនយោបាយកម្ពុជា។
សម្តេច គូសរំលេចថា «នេះជាតថភាពនៅកម្ពុជាដែលបង្ហាញពីភាពចាស់ទុំ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស យ៉ាងណាក្តីខ្ញុំពិតជាមិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិដែលបានវាយប្រហារមកលើខ្ញុំនិងគ្រួសារខ្ញុំឥតឈប់ឈរ ទោះបីជាខ្ញុំធ្លាប់សុខចិត្តទទួលជួបអ្នកនយោបាយជ្រុលនិយមនេះក្នុងមនោសច្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ។ ប៉ុន្តែ ជនម្នាក់នេះនៅតែចិញ្ចឹមចិត្តកម្ចាត់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលនៅតែប្រកាន់ខ្ជាប់នូវមនោគមវិជ្ជា និងវប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយមដែលគ្មានខុសអ្វីពីមនោគមវិជ្ជាហិង្សាបង្ហូរឈាមដូចអតីតកាលនោះឡើយ»៕EB