នាយករដ្ឋមន្ដ្រី កម្ពុជា-ថៃ ប្រកាសថា មិនឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីប្រទេសខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលប្រទេសទាំងពីរទៅវិញទៅមកឡើយ
ភ្នំពេញ ៖ តាមរយៈសន្និសីទរួមគ្នារវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាឱឡារិក និងផ្លូវការដូចគ្នាថា រាជរដ្ឋាភិបាលថៃ មិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីខ្លួន ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ ខណៈកម្ពុជា ក៏ប្រកាសដែរថា ខ្លួនមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងរាជរដ្ឋាភិបាលថៃដូចគ្នា។
នេះបើតាមការឲ្យដឹងពី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយចុះពីលើយន្ដហោះ ដើម្បីបង្ហាញអំពីលទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃពេញមួយថ្ងៃនេះ។
លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ហ្សង់ ហ្វ្រង់ស័រ តាន់ បានអះអាងថា ក្នុងជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ដ្រី មិនបានជជែកគ្នាជុំវិញអ្នកនយោបាយប្រឆាំងរបស់កម្ពុជា នៅប្រទេសថៃនោះទេ បើទោះបីមុនដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី អាជ្ញាធរថៃបានចាប់ខ្លួនអ្នកនយោបាយប្រឆាំង ពិសេសអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅកម្ពុជាយ៉ាងណាក្ដីនោះ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះថា «តាមរយៈសន្និសីទសារព័ត៌មានរួមគ្នា រវាងសម្ដេចធិបតី និងនាយករដ្ឋមន្ដ្រីថៃ នោះគឺការលើកឡើងយ៉ាងឱឡារិកក្រៃលែង ថៃមិនអនុញ្ញាតឲ្យបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ប្រើប្រាស់ទឹកដីដើម្បីបង្កសកម្មភាពប្រឆាំងកម្ពុជាទេ ដូចគ្នាកម្ពុជាបានប្រកាសជាឱឡារិក និងជាផ្លូវការ នៅចំពោះមុខអ្នកសារព័ត៌មានថៃថា កម្ពុជាក៏មិនអនុញ្ញាតឲ្យមានបុគ្គលណាម្នាក់ ឬក្រុមបុគ្គលណាប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កសកម្មភាពប្រឆាំងថៃដែរ»។
សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ គណបក្សមួយដែលជាគណបក្សប្រឆាំងរបស់ថៃ បានបង្ហាញសកម្មភាពគាំទ្រផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះបានផ្ទុះនូវការរិះគន់ និងថ្កោលទោសខ្លាំងៗពីសំណាក់ប្រជាជនថៃ។ ពួកគេបានចាត់ទុកថា ជាអំពើខុសច្បាប់ដែលលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា ហើយប្រៀបដូចជាការយកភ្លើងចូលផ្ទះ៕