លោក កឹម ជាតិ ចូលទៅបំភ្លឺនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរងបណ្ដឹងគាបស៉ីលុយក្រុមហ៊ុនលក់ស្រាចំនួន១០ម៉ឺនដុល្លារ
ភ្នំពេញ ៖ លោក កឹម ជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រ បញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមការកំណត់ តាមបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលប្ដឹងលោកគាបស៉ីលុយ ចំនួន ១០ម៉ឺនដុល្លារ និងស្រាថ្លៃៗ ជាច្រើនដបទៀត។
នៅពេលចូលទៅដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក កឹម ជាតិ ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំទៅតាមនីតិវិធីច្បាប់។។
សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃតី១៥ ខែធ្នូកន្លងទៅនេះ ទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក កឹម ជាតិ ត្រូវបានបញ្ចប់មុខតំណែង បន្ទាប់ពីលេចធ្លាយរឿងអាស្រូវមួយដែលក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយលោកគាបស៉ីលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗចំនួន៤៨ដប។ បណ្ដឹងរបស់លោក កឹម ជាតិ ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួន ជាបទល្មើសព្រហ្មទណ្ឌ៕EB