ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សាលារៀន ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអង្គភាពផ្ដល់សេវាសាធារណៈប្រកបដោយទំនុលខុសត្រូវក្នុងការបង្រៀន និងផ្ដល់ចំណេះវិជ្ជា។
សម្ដេចធិបតី បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអបរ់ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដូច្នេះថា «ជាការពិតណាស់ សាលារៀន គឺជាអង្គភាពផ្ដល់សេវាសាធារណៈ ដែលនៅជិតប្រជាពលរដ្ឋ ហើយសាលារៀន ត្រូវតែអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្រៀន រៀន និងផ្ដល់វិជ្ជាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប»។
ហេតុដូច្នេះ ការគ្រប់គ្រងសាលារៀន ត្រូវទាមទារឱ្យសាលារៀនត្រូវពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូលផ្ដុំ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសសហគមន៍ អាណាព្យាបាល ឬមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ដង់ដារសាលារៀនគំរូ។ នេះជាថ្លែងបន្ថែមរបស់សម្ដេច ហ៊ុន ម៉ាណែត។
សម្ដេចធិបតី ក៏បានប្រកាសគាំទ្រចំពោះការវាយតម្លៃរបស់ក្រសួងអប់រំ ទៅលើសាលារៀនទាំង៣កម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលាគំរូទាំង១២០ ក្នុងដំណាក់កាលដំបូងនេះ។ ក្នុងន័យនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការវាយតម្លៃសាលារៀនគំរូ គឺការទទួលស្គាល់សមិទ្ធផលសាលារៀន លទ្ធផលសិក្សារបស់សិស្សខ្ពស់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារក្នុងការអភិវឌ្ឍសាលារៀន ទៅជាសាលារៀនដែលជាប់ចំណាត់ថ្នាក់អង្គភាពផ្ដល់សេវាសាធារណៈល្អ សាលារៀនស្អាត គ្រូល្អ៕