ខ្មាន់កាំភ្លើងបាញ់រះ ៦គ្រាប់ ចូលផ្ទះមួយកន្លែងនៅកណ្ដាលក្រុងបាត់ដំបង, សមត្ថកិច្ចសង្ស័យជារឿងគំនុំ
បាត់ដំបង ៖ ខ្មាន់កាំភ្លើងបាញ់រះចំនួន៦គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅកណ្ដាលក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហេតុការណ៍នេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ប៉ុន្ដែម្ចាស់ផ្ទះមិនដឹងខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅពេលព្រឹក ហើយសមត្ថកិច្ចចុះអន្ដរាគមន៍ពិនិត្យស្រាវជ្រាវ។
លោក កែវ ឌាំង អាយុ៤១ឆ្នាំ ដែលជាម្ចាស់ផ្ទះរងគ្រោះ ប្រកបមុខរបរជាអ្នកលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនី បានឲ្យដឹងថា នៅពេលខ្មាន់កាំភ្លើងបាញ់ចូលផ្ទះគាត់ភ្លាមៗនោះ គាត់មិនដឹងនោះទេ ពោលគាត់ និងក្រុមគ្រួសារកំពុង សម្រានលង់លក់នៅក្នុងបន្ទប់។ លុះព្រឹកឡើង ក៏ចុះមកបើកទ្វារផ្ទះដើម្បីលក់ដូរដូចធម្មតា ស្រាប់តែប្រទះឃើញស្នាមធ្លុះធ្លាយទ្វារផ្ទះ៦កន្លែងតែម្ដង ខណៈកាលពីយប់នោះ លោកមិនបានលឺស្នូរកាំភ្លើងឡើយ។
ក្រោយឃើញស្នាមធ្លុះធ្លាយដោយគ្រាប់កាំភ្លើងបែបនេះ លោកក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្ដរាគមន៍ពិនិត្យស្រាវជ្រាវតែម្ដង។
នៅកន្លែងកើតហេតុ សមត្ថកិច្ចបានពិនិត្យឃើញ មានស្នាមធ្លុះដោយគ្រាប់កាំភ្លើងចំនួន៦កន្លែង និងក្បាលគ្រាប់ចំនួន៣ តែមិនមានសំបកគ្រាប់នោះទេ។ តាមការសន្និដ្ឋានជំហានដំបូង ខ្មាន់កាំភ្លើងទំនងប្រើប្រាស់អាវុធខ្លីប្រភេទ រ៉ូឡូ ដោយបាញ់មិនបន្សល់សំបកគ្រាប់នោះឡើយ ពោលសំបកគ្រាប់ជាប់នៅនឹងកាំភ្លើង។
សមត្ថកិច្ចបានអះអាងថា ការបាញ់ប្រហារនេះសង្ស័យផ្ដើមចេញពីរឿងគំនុំ ហើយនេះជាការបាញ់ព្រមានទៅកាន់ជនរងគ្រោះ ប៉ុន្ដែយ៉ាងណាមិញ ហេតុការណ៍នេះកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងបើកការស្រាវជ្រាវបន្ដទៀត៕