ជនដៃដល់បាញ់បោះសេរី នៅផ្ទះលំហែលើភ្នំគិរីរម្យចំនួន ៤នាក់ បានចូលខ្លួនសារភាព ខណៈមេខ្លោងជាម្ចាស់ទីតាំង កំពុងរត់គេចខ្លួន
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនដៃដល់ ចំនួន ៤នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី ៣ដើម។
លោកឧត្តមសេនីយ៍ស្នងការ បានអះអាងទៀតថា ដោយឡែក ជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងយកចាប់ខ្លួនផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន, ផ្ទះលំហែដែលកើតហេតុការណ៍បាញ់បោះសេរីនេះ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះ គៀង ចាន់តួ ដែលជាកូនរបស់នាយឧត្តមសេនីយ៍ គៀន សាវុធ នោះទេ ពោលលោកបានលក់មកឲ្យឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ហើយ។
ឆ្លើយតាមការសាកសួរ និងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ទាំង៤នាក់ខាងលើ បានសារភាពថា នៅថ្ងៃកើតហេតុពួកគេបាញ់កាំភ្លើងប្រហែលជិត៣០គ្រាប់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់សំបកគ្រាប់ដែលរកឃើញនៅកន្លែងកើតហេតុ ប្រមាណ២០០គ្រាប់នោះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា កន្លងទៅទីតាំងនេះក៏ធ្លាប់បាញ់បោះសេរីបែបនេះដែរ។
សូមរំលឹកថា ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់៕EB