សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់អង្គភាពស្ថាប័ន្ធរដ្ឋទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺជាការងារចុះចាប់ តែផ្ទុយទៅវិញ ដើម្បីប្រសិទ្ធភាពការងារ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់អង្គភាពស្ថាប័ន្ធរដ្ឋទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺជាការងារចុះចាប់ តែផ្ទុយទៅវិញ ជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាស្នូលធំបំផុត គឺកិច្ចការងារអធិការកិច្ចមានន័យថា រៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។
សម្ដេចធិបតី បន្ដថា អភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ការងារអធិការកិច្ចនេះ គឺជួយអភិក្រម ៤ខាងដើម។ ដូច្នេះ សម្ដេចធិបតី បានស្នើដល់ក្រសួង-ស្ថាប័ន បញ្ឈប់ការយល់ច្រឡំថា ការងារអធិការកិច្ច ជាការចុះចាប់។
សម្ដេចធិបតី មានប្រសាសន៍ថា «អញ្ចឹងខ្ញុំ សូមអង្គភាពស្ថាប័ន្ធទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺការងារចុះចាប់ អភិក្រប៤ ដើម្បីឆ្លុះបញ្ចាំងនូវគុណសម្បត្តិ គុណវិបត្តិ ជួយគ្នា»។
សម្ដេច ក៏បានថ្លែងអំណរគុណចំពោះមន្ដ្រីអធិការកិច្ចទាំងអស់ ដែលបានបំពេញការងារនាពេលកន្លងមក។ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ៕