សម្ដេចធិបតី ៖ វិបត្តិកូវីដ-១៩ បង្ហាញឱ្យឃើញពីសមត្ថភាពគ្រូពេទ្យរបស់កម្ពុជា និងសមត្ថភាពរបស់មន្ត្រីសុខាភិបាល នៅទូទាំងប្រទេស
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា វិបត្តិកូវីដ-១៩ បង្ហាញឱ្យឃើញពីសមត្ថភាពគ្រូពេទ្យរបស់កម្ពុជា និងសមត្ថភាពរបស់មន្ត្រីសុខាភិបាល នៅទូទាំងប្រទេស។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «វិបត្តិកូវីដ-១៩នេះ បានបង្ហាញឱ្យយើង ផ្ដល់ឱ្យយើងវាយតម្លៃបានទិដ្ឋភាពចំនួនពីរ ក្នុងវិស័យសុខាភិបាល។ ទីមួយ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ បានបង្ហាញឱ្យអំពីសមត្ថភាពជាក់ស្ដែងរបស់គ្រូពេទ្យ និងមន្ត្រីសុខាភិបាលរបស់កម្ពុជា នៅទូទាំងប្រទេស»។
សម្ដេចធិបតី បន្ដថា ក៏បានថ្លែងអំណរគុណដល់កងទ័ពអាវស ដែលបានខិតខំការងារ ក្នុងពេលកូវីដ-១៩ រាតត្បាតនៅកម្ពុជា។
សម្ដេចធិបតី គូសបញ្ជាក់ថា «ទិដ្ឋភាព ទីពីរ ក្នុងវិបត្តិ នៃជំងឺកូវីដ-១៩ ក៏បានបង្ហាញនូវកម្រិត និងបញ្ហាកង្វះខាតមួយចំនួន ដែលយើងបានប្រឈមពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះ ជាពិសេសពាក់ព័ន្ធទៅនឹងការកសាងធនធានមនុស្ស»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា វិបត្តិជំងឺកូវីដ-១៩នេះ ឱ្យឃើញចំណុច២ ទាំងចំណុចខ្លាំង ប៉ុន្តែពេលជាមួយគ្នាក៏ឃើញនូវចំណុចខ្វះខាត ដែលដាក់ទិសដៅនៅក្នុងការពង្រឹងនៅក្នុងអាណត្តិទី ៧នេះ។ វិធានគន្លឹះមួយក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺការពង្រឹងវិស័យសុខាភិបាល ដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗមួយចំនួន៕EB