ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមក ក្នុងការដំណ្តើមឯករាជ្យ ពីរបបអាណានិគម ទាំងនេះជាសច្ចភាព នៃប្រវត្តិសាស្រ្តដែលប្រជាជននៃប្រទេសទាំងពីរត្រូវយល់ឲ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំ។

នាឱកាសអញ្ជើញជាអធិបតីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅខេត្តត្បូងឃ្មុំ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងចងចាំជានិច្ចនូវការចូលរួមកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានចូលរួមជួយកម្ពុជាក្នុងបុព្ធហេតុរំដោះជាតិ»។

សម្ដេចធិបតី បន្ដថា «ប្រវត្តិសាស្រ្តដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដូចដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា វៀតណាម តែងតែបានលើកជារឿយៗ កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដំណ្តើមឯករាជ្យ ពីរបបអាណានិគម»។

សម្ដេច នាយករដ្ឋមន្ដ្រី រៀបរាប់ឲ្យដឹងថា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយវៀតណាមដូចគ្នា ក្នុងបុព្វហេតុរំដោះប្រទេស ដែលឈានដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍។ សម្ដេចថា ដូចគ្នា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ធ្លាប់ជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការកសាងអភិវឌ្ឍន៍ប្រទេសផងដែរ។ 

សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា ទាំងនេះជាសច្ចភាព នៃប្រវត្តិសាស្រ្តដែលប្រជាជននៃប្រទេសទាំងពីរ ត្រូវយល់ឲ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំតាមរយៈការបកស្រាយណាមួយដែលមិនមានមូលដ្ឋានប្រវត្តិសាស្រ្តជាក់ស្តែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ