ប្រទេសអ៊ីតាលី បានសម្រេចមិនចូលរួមលើគំនិតផ្តូចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលជាគម្រោងដ៏ធំបំផុតរបស់ចិន
អ៊ីតាលី៖ ប្រទេសអ៊ីតាលី បានសម្រេចចាកចេញពីគំនិតផ្តូចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលជាគម្រោងដ៏ធំបំផុតរបស់ចិន ក្រោមហេតុផល មិនទទួលបានផលប្រយោជន៍ដែលអ៊ីតាលីចង់បាននោះឡើយ នេះបើយោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយនៅថ្ងៃទី ៨ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីតាលី លោក Antonio Tajani បាននិយាយថា កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកលដែលដឹកនាំដោយប្រទេសចិន គឺលែងជាអាទិភាពសម្រាប់អ៊ីតាលីទៀតហើយ ស្របពេលប្រទេសដែលមិនចូលរួមក្នុងគម្រោងនេះ ក៏មានលទ្ធផលល្អប្រសើរជាងមុនដែរ ។ មុនសម្រេចចាកចេញនេះដែរ មន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានលើកយកគំនិតនេះ មកពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែផងដែរ ។
គួរបញ្ជាក់ឱ្យដឹងថា គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្មពិភពលោក (BRI) របស់ចិន ត្រូវបានរៀបចំឡើងដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកឥទ្ធិពលនៃប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកមួយនេះ ខណៈវាបានទាក់ទាញការវិនិយោគប្រមាណ ១ ពាន់ពាន់លានដុល្លារ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ៕