ជប៉ុន អង់គ្លេស និងអ៉ីតាលី គ្រោងបង្កើតអង្គភាពរួមមួយ ដើម្បីបង្កើតអង្គភាពរួមនិងក្រុមឧស្សាហកម្ម សម្រាប់ការអភិវឌ្ឍយន្តហោះចម្បាំងស៊េរីទំនើប
តូក្យូ៖ ជប៉ុន អង់គ្លេស និងអ៉ីតាលីនឹងចុះកិច្ចព្រមព្រៀងមួយនៅទីក្រុងតូក្យូ ក្នុងសប្តាហ៍នេះ ដើម្បីបង្កើតអង្គភាពរួមនិងក្រុមឧស្សាហកម្ម សម្រាប់ការអភិវឌ្ឍយន្តហោះចម្បាំងស៊េរីទំនើប ដែលបានគ្រោងទុករបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ធ្នូ ២០២៣។
ប្រភពមួយបានឲ្យដឹងថា ស្ថាប័នអន្តររដ្ឋាភិបាលនឹងត្រួតពិនិត្យលើការបណ្តាក់ទុន ក្នុងលក្ខណៈជាក្រុមឧស្សាហកម្ម ដែលដឹកនាំដោយក្រុមហ៊ុន BAE Systems PLC របស់ចក្រភពអង់គ្លេស ក្រុមហ៊ុន Mitsubishi Heavy Industries របស់ជប៉ុន និងក្រុមហ៊ុន Leonardo របស់អ៉ីតាលី។ ក្រុមហ៊ុនទាំងនោះនឹងបែងចែកការងារទៅតាមផ្នែកផ្សេងៗនៃកម្មវិធី Global Combat Air ដូចជាម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិចជាដើម។
ក្រសួងការពារជាតិជប៉ុនបានបដិសេធធ្វើការអត្ថាធិប្បាយ រីឯក្រុមមន្រ្តីស្ថានទូតអង់គ្លេស និងអ៉ីតាលីក៏នៅមិនទាន់មានការឆ្លើយតប ចំពោះសំណើរសុំការអត្ថាធិប្បាយនោះដែរ។ ប្រសិនបើជាការពិតមែននោះ កិច្ចព្រមព្រៀងដែលត្រូវការការផ្តល់សច្ចាប័ន ពីសភានៃប្រទេសនីមួយៗ នឹងកើតឡើង ១ឆ្នាំបន្ទាប់ពីការបង្កើតកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ដ៏សំខាន់លើកដំបូងរបស់ពួកគេ និងជាកិច្ចខិតខំប្រឹងប្រែងរួមបញ្ចូលបច្ចេកវិទ្យាផលិតយន្តហោះចម្បាំងជំនាន់ក្រោយ របស់ទីក្រុងឡុងដ៍ និងទីក្រុងតូក្យូ។
គួរបញ្ជាក់ថា កាលពីខែមីនា Reuters ក៏បានរាយការណ៍ផងដែរថា ជប៉ុននិងចក្រភពអង់គ្លេស កំពុងកាន់កាប់ចំណែកប្រហែល ៤០% នៅក្នុងកម្មវិធី Global Combat Air ដោយកាលណោះទីក្រុងរ៉ូម បានច្រានចោលថាជា «ការប៉ាន់ស្មាន»៕