ឯកអគ្គរដ្ឋទូតចិន នៅកម្ពុជាប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និង ប្រកបដោយផ្លែផ្កាបន្ថែមទៀត
ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី ជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់ លោក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
លោក ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។
លោក ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ លោក ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។
សម្ដេចធិបតី និងឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ៕