តុលាការវៀតណាមកាត់ទោសមនុស្សចំនួន៥៤នាក់រួមទាំងអតីតអនុរដ្ឋមន្ត្រីការបរទេសម្នាក់ ក្នុងសំណុំរឿងពុករលួយដ៏ធំអំឡុងពេលជំងឺកូវីដ-១៩
វៀតណាម៖ តុលាការវៀតណាមនាថ្ងៃទី២៨ ខែកក្កដា បានកាត់ទោសមនុស្សចំនួន៥៤នាក់រួមទាំងអតីតអនុរដ្ឋមន្ត្រីការបរទេសម្នាក់ អ្នកការទូតជាន់ខ្ពស់ជាច្រើននាក់ និងមន្ត្រីផ្សេងទៀតនៅក្នុងសំណុំរឿងសូកប៉ាន់ដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ។
សំណុំរឿងពុករលួយដ៏ធំរបស់ប្រទេសកើតចេញពីការយកលុយពីពលរដ្ឋវៀតណាមនៅបរទេសដែលចង់ត្រឡប់ទៅប្រទេសវិញតាមជើងហោះហើរសង្គ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩នៅពេលដែលជើងហោះហើរពាណិជ្ជកម្មត្រូវបានបិទ។
កាសែតរដ្ឋ VTC បានរាយការណ៍ថា ក្នុងចំណោមអ្នកដែលត្រូវកាត់ទោស អតីតអនុរដ្ឋមន្ត្រីការបរទេស To Anh Dung ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីទទួលសំណូកចំនួន២១,៥ពាន់លានដុង ឬ៩០ ម៉ឺនដុល្លារ។ ឯអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន Vu Hong Nam ក៏ត្រូវបានកាត់ទោសឱ្យជាប់គុក៣០ខែ ខណៈអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី Tran Viet Thai ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ។
ដោយឡែកជំនួយការអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Pham Trung Kien ត្រូវទទួលទោសធ្ងន់ជាងគេ ដោយត្រូវជាប់ពន្ធនាគារមួយជីវិត ក្រោយរដ្ឋអាជ្ញាបានរកឃើញថាមានពិរុទ្ធពីបទទទួលសំណូកជាង៤២,៦ពាន់លានដុង (១,៧លានដុល្លារ)។ អ្នកខ្លះទៀតដែលត្រូវបានកាត់ទោសនោះរួមមានមន្ត្រីមកពីការិយាល័យរដ្ឋាភិបាល ក្រសួងសុខាភិបាល សន្តិសុខសាធារណៈ និងក្រសួងដឹកជញ្ជូនជាដើម។
ករណីនេះ ក៏ធ្វើឱ្យឧបនាយករដ្ឋមន្រ្តី២នាក់ លាលែងពីតំណែង ហើយបង្ខំឱ្យលោក ង្វៀន សួនហ្វ៊ុក ចុះចេញពីតំណែងប្រធានាធិបតីថែមទៀត៕