ភ្លៀងធ្លាក់ខ្លាំងការរអិលបាក់ដី និងទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសជប៉ុន ខណៈមន្ត្រីឧតុនិយមជប៉ុន អំពាវនាវឱ្យប្រជាជនបង្កើនប្រុងប្រយ័ត្ន
ជប៉ុន ៖ មន្ត្រីឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ Kyushu) ភាគខាងត្បូងប្រទេសជប៉ុន បង្កើនប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារលើតំបន់នេះកាលពីចុងសប្តាហ៍ ហើយគ្រោងនឹងបន្តទៀត។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
មន្រ្តីឧតុនិយមនិយាយថា ប្រព័ន្ធសម្ពាធទាបត្រូវបានគេរំពឹងថានឹងនៅតែបន្តមាន នៅជុំវិញតំបន់ Kyushu ដោយនាំមកនូវភ្លៀងធ្លាក់ច្រើនកម្រិតជាង ៥០មីលីម៉ែត្រក្នុងមួយម៉ោង ខណៈកម្រិតភ្លៀង ៦៥មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលមួយម៉ោង។ ពលរដ្ឋត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី រន្ទះ ខ្យល់បក់ខ្លាំង ទឹកជំនន់នៅតំបន់ទំនាប និងនៅតាមទន្លេ។ ជាពិសេស តំបន់ដែលធ្លាប់រងផលប៉ះពាល់នាពេលថ្មីៗនេះ មានហានិភ័យនៃការរអិលបាក់ដី និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងដីហូរច្រោះដោយសារ ភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានក្យូដូ ភ្លៀងធ្លាក់ខ្លាំងនៅទីតាំងជាច្រើននៃភាគខាងលិចទីក្រុងហុនស៊ូ (Honshu) និងតំបន់ Kyushu កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន បានបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និង ២នាក់ផ្សេងទៀតបាត់ខ្លួន៕