ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកថា កាលពីឆ្នាំ២០០២ លិខិតឆ្លងដែនរបស់ សម្តេច ត្រូវបានអាជ្ញាធរអង់គ្លេស ពិនិត្យ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញសម្តេច ជាជនជាតិខ្មែរទី១ ទៅរៀននៅប្រទេសអង់គ្លេស។

នាឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» រៀបចំឡើងនៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ការផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញអ្នកទេសចរមកកម្ពុជា កាន់តែច្រើន។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំ រៀននៅក្រៅប្រទេស ខ្ញុំជួបប្រជាពលរដ្ឋមួយចំនួន ឆ្នាំ២០០២ ខ្ញុំទៅប្រទេសអង់គ្លេសដំបូង ទៅដល់ព្រលានយន្ដហោះ ប៉ាសស្ព័ររបស់ខ្ញុំ ប៉ូលីសអន្ដោប្រវេន៍មើលប្រហែល ១៥នាទី ខ្ញុំភ័យ ខ្ញុំឆ្ងល់ថា មានបញ្ហាអ្វី? ខ្ញុំសួរតែម្ដង តើខ្ញុំមានបញ្ហាអ្វី? គាត់ថា អត់មានបញ្ហាអ្វីទេ គ្រាន់តែគាត់ មិនដែលឃើញប៉ាសស្ព័រកម្ពុជា អ្នកឯងគឺជាមនុស្សទីមួយ ខ្ញុំឃើញ ប៉ាសស្ព័រកម្ពុជា មករៀននៅអង់គ្លេស គាត់សួរថា ប្រទេសឯងឈប់សង្គ្រាម? គាត់ពិចារណាចង់មក។ ២ឆ្នាំក្រោយ នៅពេលខ្ញុំ រៀននៅទីនោះ ស្ថានភាពរបស់យើងប្រែប្រួល»។

សម្ដេច នាយករដ្ឋមន្ដ្រី បានរំលឹកបន្ថែមថា នៅឆ្នាំ២០០៤ ឬ២០០៥ សម្ដេច បានជួបអាជ្ញាធរនៅទីនោះ ពួកគាត់បានប្រាប់ សម្ដេច ថា គ្រួសាររបស់គាត់ទៅលេងប្រទេសកម្ពុជា មានសុវត្ថិភាពល្អណាស់។ ដូច្នេះ ការលើកកម្ពស់ កិត្តិ នាមរបស់ជាតិ បង្កើនការចាប់អារម្មណ៍ ក៏ដូចជា ភាពជឿជាក់របស់ប្រជាពលរដ្ឋ។

សម្ដេច បន្ដថា នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍ជាច្រើន បានស្គាល់កម្ពុជាយ៉ាងច្រើន ជាពិសេស្គាល់ប្រាសាទអង្គរ តាមរយៈការផ្សព្វផ្សាយ នៅពេលភ្ញៀវទេសចរណ៍ត្រឡប់ទៅប្រទេសខ្លួនវិញ។ សម្ដេច បន្ថែមថា ចំពោះបញ្ហាទេចរណ៍ មិនត្រឹមជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ និងកាន់បន្ថយភាពក្រីក្រនោះទេ ប៉ុន្ដែថែមទាំងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ទៅលើពិភពលោកអំពីប្រទេសកម្ពុជាផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ