សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការរើសអើង និងមើលរំលងនូវសមត្ថភាពជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ និងស្មារតី
ភ្នំពេញ ៖ ថ្លែងចំពោះមុខជនមានពិការភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ និងស្មារតី។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា» នៅថ្ងៃព្រហស្បតិ៍ ទី២១ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ដើម្បីធ្វើឲ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនខ្មែរដទៃទៀត ដែលមិនមានពិការភាព រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមក្នុងសង្គម សាសនា កីឡា សិល្បៈ នយោបាយដោយពេញលេញ និងស្មើភាពគ្នាដោយគ្មានការរើសអើង។
សម្ដេចធិបតី បន្ដថា ការកែលម្អ និងអភិវឌ្ឍន៍នូវបរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹងព័ត៌មាន និងទំនាក់ទំនងក្នុងយុគសម័យឌីជីថល គឺជាកត្តាចាំបាច់ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាព ផងដែរ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកល ស្ដីពី ជនមានពិការភាព ព្រមទាំងនាំឲ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងន័យនេះ ការពង្រឹងវិស័យពិការភាពនាពេលនេះ គឺជាការចូលរួមជាមួយគ្នាក្នុងការបង្កើនសង្ឃឹមបន្ថែមនូវភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្ដូរឲ្យបាននូវការគិតជាវិជ្ជមាន ប្រកបដោយគុណធម៌ សម្រាប់ជនមានពិការភាព ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ ជនមានពិការភាព ប្រកបដោយបរិយាប័ន្ន ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕