ក្រុមហ៊ុនផលិតថ្នាំជក់ British American Tobacco យល់ព្រមបង់ប្រាក់ពិន័យចំនួន៦៣៥លានដុល្លារ ព្រោះលួចធើ្វជំនួញជាមួយកូរ៉េខាងជើង
អាមេរិក៖ ក្រុមហ៊ុនផលិតថ្នាំជក់ដ៏ធំរបស់សហរដ្ឋអាម៉េរិក British American Tobacco បានយល់ព្រមបង់ប្រាក់ពិន័យក្នុងទំហំទឹកប្រាក់ជាង ៦៣៥លានដុល្លារអាម៉េរិក ដល់អាជ្ញាធរ បន្ទាប់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួនបានសារភាពកំហុសស្របតាមការចោទប្រកាន់របស់អាជ្ញាធរអាម៉េរិក ជុំវិញការបំពាននឹងខ្លឹមសារទណ្ឌកម្មដោយសហគមន៍អន្តរជាតិទៅលើទីក្រុងព្យុងយ៉ាង ព្រោះតែក្រុមហ៊ុនបុត្រសម្ព័ន្ធខាងលើ បានបន្ដលួចលាក់ធើ្វជំនួញដោយសម្ងាត់ជាមួយប្រទេសនេះ និងបានក្លែងបន្លំរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងក្លែងបន្លំប្រតិបត្តិការធនាគារដើម្បីបិទបាំងដំណើរការអាជីវកម្មរបស់ខ្លួន។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរអាម៉េរិកបានរកឃើញថា សាខាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនផលិតថ្នាំជក់ British American Tobacco បានលួចផ្គត់ផ្គង់ផលិតផលថ្នំាជក់ទៅឱ្យប្រទេសកូរ៉េខាងជើងនៅចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧ ដោយទង្វើនេះ បានចេញឆ្ងាយពីបម្រាមរបស់សហគមន៍អន្តរជាតិដែលបានដាក់ទៅលើរដ្ឋាភិបាលប្រទេសកុម្មុយនិស្តកូរ៉េខាងជើង។
ជាមួយគ្នានេះ មន្រ្តីស្ថាប័នយុត្តិធម៌អាម៉េរិក លោក Matthew Olsen បានចាត់ទុកករណីប្តឹងផ្តល់មួយនេះ ថាជាការព្រមានមួយទៅដល់បណ្ដាក្រុមហ៊ុនរបស់ខ្លួនដទៃទៀត ឱ្យបញ្ចប់សកម្មភាពអាជីវកម្មរបស់ពួកគេជាមួយក្រុមហ៊ុនកូរ៉េខាងជើង ស្របតាមខ្លឹមសារទណ្ឌកម្មរបស់អន្តរជាតិក្រោមគោលបំណងដើម្បីកាត់បន្ថយលទ្ធភាពអភិវឌ្ឍគ្រាប់មីស៊ីលរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលជាការគំរាមកំហែងដ៏គ្រោះថ្នាក់មួយជុំវិញស្ថានភាពសន្ដិសុខ និងស្ថិរភាពនៅក្នុងពិភពលោក៕