ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅរយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណជា ១ ៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
ការបញ្ជាក់នេះធ្វើឡើងក្នុងច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៦៩ លានដុល្លារ)។
លោក បន្ថែមថា ចំណូលពន្ធបានហក់ខ្ពស់ក្នុងខែមីនា ឆ្នាំ២០២៣ ដែលសម្រេចបាន ៣ ២៥៨.០១ ប៊ីលានរៀល (ប្រមាណជា ៨០៤.៤៥ លានដុល្លារ) ធៀបនឹងខែមីនា ឆ្នាំ២០២២ សម្រេចបាន ៣ ០៤០.៣៧ ប៊ីលានរៀល (ប្រមាណជា ៧៥០.៧១ លានដុល្លារ)។
លោក បានកោតសរសើរ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តអនុវត្តការងារកំណែទម្រង់និង ទំនើបកម្មរដ្ឋបាលសារពើពន្ធ៕EB