មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯបាតុកម្មនយោបាយភាគពាយ័ព្យប្រទេសប៉ាគីស្ថាន
ប៉ាគីស្ថាន៖យោងតាមមន្ត្រីបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រឿងផ្ទុះនៅឯកម្មវិធីជួបជុំនយោបាយមួយនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤នាក់ និងរបួសជិត២០០នាក់។
អ្នករងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនពីតំបន់ Bajaur ទៅកាន់មន្ទីរពេទ្យក្នុងខេត្ត Peshawar ដោយឧទ្ធម្ភាគចក្រយោធា។ លើសពីនេះ លោក ខាន់ បានបន្ថែមថា ការបំផ្ទុះដ៏សាហាវនេះបានបណ្តាលឱ្យមនុស្សជាង ១៣០នាក់រងរបួស និងជាច្រើននាក់ទៀតរបួសធ្ងន់ ខណៈ៤២នាក់ស្លាប់បាត់បង់ជីវិត។
ការបំផ្ទុះនេះបានកើតឡើងនៅឯការប្រមូលផ្តុំរបស់គណបក្សអភិរក្សនិយម Jamiat Ulema Islam-Fazl (JUI-F) ដែលត្រូវបានគេស្គាល់ថា មានទំនាក់ទំនងជាមួយសាសនាឥស្លាម នៅក្នុងអតីតតំបន់កុលសម្ព័ន្ធ Bajaur ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្គានីស្ថាន។ មន្ត្រីប៉ូលិសក្នុងស្រុក លោក Nazir Khanបាននិយាយថា ភាពអាសន្នមួយត្រូវបានប្រកាសនៅក្នុងមន្ទីរពេទ្យនៃតំបន់ Bajaur និងតំបន់ជាប់គ្នា ដែលភាគច្រើននៃអ្នករងរបួសត្រូវបានបញ្ចូនទៅ។
មេប៉ូលិសខេត្តលោក Akhtar Hayat បានប្រាប់សារព័ត៌មានរ៉យទ័រថា ឧប្បត្តិហេតុដ៏រន្ធត់នេះ គឺបណ្តាលមកពីការផ្ទុះគ្រាប់បែកអត្តឃាត។ ប្រទេសប៉ាគីស្ថានបានជួបប្រទះការវាយប្រហារ ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមចាប់តាំងពីឆ្នាំមុន នៅពេលដែលបទឈប់បាញ់រវាងក្រុម Tehreek-e-Taliban Pakistan (TTP) និងក្រុមទីក្រុង Islamabad បានប្រេះឆា។
គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនៅវិហារឥស្លាមក្នុងទីក្រុង Peshawar បានសម្លាប់មនុស្សជាង១០០នាក់កាលពីដើមឆ្នាំនេះ។ តាមពិតទៅ TTP មិនមែនជាក្រុមសកម្មប្រយុទ្ធតែមួយគត់ដែលវាយប្រហារនៅក្នុងតំបន់ ដែលត្រូវបានវាយប្រហារដោយក្រុមរដ្ឋឥស្លាមក្នុងតំបន់នោះទេ ខណៈក្រុមនេះ និងក្រុមពាក់ព័ន្ធរបស់ខ្លួនផ្សេងទៀត បាននៅពីក្រោយការវាយប្រហារភាគច្រើននៅក្នុងប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕