សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ត្រូវបានរំពឹងសម្រេចបានកំណើនរឹងមាំ ទោះបីស្ថានភាពសេដ្ឋកិច្ចសកលមានកំណើនមិនច្បាស់លាស់ ដោយសារសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន
ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ត្រូវបានវាយតម្លៃថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦% ជាមួយនឹងអត្រាអតិផរណាក្នុងរង្វង់ ២,៥% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានកំណើនមិន ច្បាស់លាស់ ដោយសាររងផលវិបាក នៃសង្គ្រាមរុស្សី-អ៊ុយក្រែន និងការបន្តរឹតបន្ដឹងគោល នយោបាយរូបិយវត្ថុក្នុងបណ្តាប្រទេសអភិវឌ្ឍន៍។
ក្នុងរបាយការណ៍លទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ត្បិតរងផល វិបាក នៃសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងចិន-អាម៉េរិក និងការ បន្តរឹតបន្ដឹង គោល នយោបាយរូបិយវត្ថុក្នុង បណ្តា ប្រទេស អភិវឌ្ឍន៍ កំពុងធ្វើឱ្យទស្សនវិស័យ សេដ្ឋកិច្ច សកល បន្តមានភាពមិនប្រាកដប្រជាខ្ពស់ និង បាន ដាក់ សម្ពាធមកលើអនុវិស័យ បម្រើការនាំចេញ ជាពិសេសអនុវិស័យកាត់ដេរ សេដ្ឋកិចុ្ចកម្ពុជា នឹងមានកំណើនរឹងមាំ សម្រេច ក្នុងអត្រារឹងមាំ ដូចការ ប៉ាន់ស្មាន់ ធ្វើឡើងកាលពីដើមឆ្នាំ។
វិស័យឧស្សាហកម្មត្រូវបានប៉ាន់ស្មានថា នឹងមានកំណើន ៥,០%ទាបជាងការរំពឹងទុក ដោយ សារការ ថមថយកំណើន នៃអនុវិស័យកាត់ដេរ និងការបន្តកំណើន ទាបនៃអនុវិស័យសំណង់ ក្នុងខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អប្រសើរ។
ចំពោះវិស័យសេវាកម្មវិញ, ត្រូវបានប៉ាន់ស្មានដែរថា នឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រ ដោយ សន្ទុះលឿនជាងការរំពឹងទុកនៃកំណើនអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រ ផ្សេងទៀតរួមមាន៖ អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ទោះបីជាអនុវិស័យអចលនទ្រព្យ បន្តមានកំណើនទាបជាងការរំពឹងទុកយ៉ាងណាក្តី។
ដោយឡែកវិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថា សម្រេចបានកំណើន ទាបជាងនិន្នាការធម្មតាបន្តិច ក្នុងអត្រា ០,៩% ដោយ សារកត្តាអាកាសធាតុ, ថ្លៃធាតុចូលកសិកម្មនៅបន្តមានតម្លៃខ្ពស់ និង កត្តាបញ្ហាប្រឈមជារចនាសម្ព័ន្ធ៕EB