ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹង នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ មានកម្ពស់រហូតទៅដល់ ៥៥៥ម៉ែត្រ.

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបាន បាត់ទៅហើយ ឲ្យចេញមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និង ក្រោយមកបានបាក់បាត់រូបរាង ដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។

សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ថា «តាមខ្ញុំដឹង នៅទីនេះ (តំបន់កោះនរា) គ្រោងធ្វើអគារមួយដែលខ្ពស់ជាងគេក្នុងតំបន់ អគារ ៥៥៥ម៉ែត្រ ដែលគ្រោងធ្វើនៅកន្លែងនឹង។ សង្ឃឹមថា បាននឹងចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់នៅក្នុងកម្ពុជា ខ្ពស់ក្នុងតំបន់ថែមទៀត»។

សម្តេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា គោលដៅសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គឺយករាជធានីភ្នំពេញធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍន៍ទៅទិសផ្សេងៗទៀត ជាពិសេសការពង្រីការអភិវឌ្ឍន៍ទៅកាន់ទិសខាងកើតនៃកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ