ប្រេស៊ីល៖ បើតាមការអះអាងពី Hacker ជនជាតិប្រេស៊ីលមួយរូបបានឱ្យដឹងថា អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ធ្លាប់បានប្រើប្រាស់ក្រុមរបស់គេឱ្យព្យាយាមធើ្វការជ្រៀតជ្រែកទៅលើប្រព័ន្ធម៉ាស៊ីនបោះឆ្នោតជាថ្នូរទៅនឹងប្រាក់កាក់មួយចំនួន ដើម្បីធើ្វការកែប្រែលទ្ធផលឆ្នោតទៅតាមការចង់បានរបស់លោកក្នុងអំឡុងនៃការធើ្វយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ ២០២២ ។

អ្នកជំនាញផ្នែកសរសេរកូដកុំព្យូទ័រលោក Walter Delgatti បានអះអាងដូច្នេះទៅកាន់ក្រុមអ្នកតំណាងរាស្រ្តរបស់ប្រេស៊ីលនាអំឡុងដំណើរការសួរដេញដោលមួយកាលពីថ្ងៃព្រសហ្បតិ៍ ដោយបញ្ជាក់ថា គេបានជួបជាមួយអតីតមេដឹកនាំលោក Bolsonaro នៅក្នុងខែកក្កដា ឆ្នាំ ២០២២ កាលនោះ លោក Bolsonaro បានណែនាំឱ្យក្រុមរបស់លោកធើ្វការពិភាក្សាគ្នាជាមួយក្រុមអ្នកជំនាញមួយក្រុមផ្សេងទៀតរបស់ស្ថាប័នក្រសួងការពារជាតិ ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការចូលជ្រៀតជ្រែកក្នុងប្រព័ន្ធម៉ាស៊ីនបោះឆ្នោត ដោយសន្យាថា នឹងផ្តល់ការអនុគ្រោះផ្នែកច្បាប់សម្រាប់ក្រុម Hacker របស់លោកក្នុងករណីមានការធ្លុះធ្លោយណាមួយ ។

លោក Delgatti បានបញ្ជាក់បន្ថែមថា លោកត្រូវបានអ្នកនយោបាយស្តាំនិយមមួយរូបជាអ្នកណែនាំឱ្យបានជួបជាមួយលោក Bolsonaro និងជាអ្នកដែលបានផ្តល់ប្រាក់ចំនួន ៨០០០ដុល្លារដល់លោក ដើម្បីធើ្វកិច្ចការមួយនេះ។ យ៉ាងណាមិញ អ្នកជំនាញមួយរូបនេះបានបញ្ជាក់ថា ក្រុមរបស់លោកមិនបានទទួលជោគជ័យក្នុងការព្យាយាមបំបែកកូដដើម្បីលួចចូលទៅក្នុងប្រព័ន្ធម៉ាស៊ីនបោះឆ្នោតទៅតាមការចង់បានរបស់លោក Bolsonaro ឡើយ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ