ប្រេស៊ីល៖ អនុប្រធានាធិបតីប្រទេសប្រេស៊ីល លោក Geraldo Alckmin បានធ្វើទស្សនកិច្ច ទៅកាន់រដ្ឋ Amazonas ស្របពេលដែលទន្លេនៅទីនោះកំពុងរីងស្ងួត ក្នុងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយលោកសន្យាថា នឹងផ្តល់ជំនួយបន្ថែមទៀត ដោះស្រាយបញ្ហានេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ០៥ តុលា ២០២៣។

បញ្ហាទន្លេ Amazon ដែលកំពុងរីងស្ងួត នាពេលនេះ បានបណ្តាលងាប់ត្រី និងផ្សោតដ៏ច្រើនក្បាល។ រដ្ឋាភិបាលប្រេស៊ីលក៏បានបញ្ចេញមូលនិធិ ដើម្បីបូមខ្សាច់នៅចំណុច Solimoes ដែលជាផ្នែកខាងលើនៃទន្លេ Amazon ដើម្បីបង្កើនជម្រៅផ្លូវទឹក និងសម្រួលដល់ការធ្វើនាវាចរណ៍ផងដែរ។

អនុប្រធានាធិបតីប្រទេសប្រេស៊ីល លោក Geraldo Alckmin និយាយថា ការបូមខ្សាច់នៅទីនោះ គួរតែធ្វើឡើង នៅចន្លោះរយៈពេល ពី៣០ថ្ងៃ ទៅ ៤៥ ថ្ងៃ។

បន្ទាប់ពីធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ទៅដល់តំបន់នោះ ជាមួយរដ្ឋមន្ត្រីផ្សេងៗទៀត ដើម្បីវាយតម្លៃលើវិបត្តិរាំងស្ងួតទន្លេនេះ លោកអនុប្រធានាធិបតីប្រេស៊ីលរូបនេះបានប្រាប់អ្នកកាសែតទៀតថា «នឹងមិនមានការខ្វះខាតធនធាន ដែលជាតម្រូវការនោះទេ។ យើងកំពុងធ្វើការដើម្បីបញ្ចេញជំនួយបន្ថែមទៀត ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីជួយប្រជាជន»។

គួរបញ្ជាក់ដែរថា Amazonas ជារដ្ឋដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល ហើយដែលគ្របដណ្តប់ដោយព្រៃត្រូពិចដ៏ធំសម្បើមនោះ បច្ចុប្បន្ន កំពុងស្ថិតក្នុងរដូវប្រាំង ដែលកាន់តែអាក្រក់ទៅៗ ដោយក្នុងនោះ បាតុភូតកំដៅ El Nino ដែលកាត់បន្ថយការបង្កើតពពក ដែលមានន័យថា ភ្លៀងធ្លាក់តិចជាងធម្មតា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ