(ហ្សឺណែវ)៖នៅទូទាំងពិភពលោក មនុស្សប្រហែល ៣៩លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ (HIV) នៅឆ្នាំ ២០២២ នេះបើយោងតាមកម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍ (UNAIDS)។ បើមិនមានការព្យាបាលមេរោគ HIV អាចវិវត្តទៅជាជំងឺអេដស៍( AIDS)។
អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ កក្កដា) ថា ការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ គឺអាចធ្វើទៅបាន ប្រសិនបើប្រទេសនានាបង្ហាញឆន្ទៈនយោបាយក្នុងការវិនិយោគលើការការពារ និងការព្យាបាល និងអនុម័តច្បាប់មិនរើសអើង។ UNAIDS បាននិយាយនៅក្នុង របាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា «យើងនឹងមានដំណោះស្រាយ ប្រសិនបើប្រទេសនិមួយៗប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ ក្នុងការដាក់មនុស្សជាអទិភាពលើការវិនិយោគនៅក្នុងកម្មវិធីបង្ការការពារ និងព្យាបាលមេរោគ HIV ...»។
UNAIDS បានបន្ថែមថា ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះមេរោគអេដស៍ក៏មានន័យថា ការអនុម័តច្បាប់មិនរើសអើង និងការពង្រឹងបណ្តាញសហគមន៍ ក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងៗទៀត។ នៅក្នុងប្រទេសជាច្រើន អ្នកផ្ទុកមេរោគអេដស៍ ឬកើតអេដស៍ប្រឈមមុខនឹងការមាក់ងាយ ការរើសអើង និងអំពើហិង្សា។
កាលពីឆ្នាំមុន មនុស្ស១.៣លាននាក់បានឆ្លងមេរោគអេដស៍ ហើយមនុស្ស ៦៣០.០០០នាក់បានស្លាប់ដោយសារជំងឺនេះ នេះបើយោងតាមអង្គការ UNAIDS៕