ប្រធានអង្គការសុខភាពពិភពលោក (WHO) ជំរុញឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក បានជំរុញឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជនស៊ីវិលទាំងអស់ ហើយបានព្រមានថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធនេះ នឹងនាំមកនូវការបំផ្លិចបំផ្លាញ និងភាពភ័យរន្ធត់តែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៦ តុលា ២០២៣។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលជនស៊ីវិល និងកុមារប៉ាឡេស្ទីនស្លូតត្រង់ជាអ្នករងទុក្ខវេទនា។
លោក ថេដ្រូស បានបន្តថា ជម្លោះនេះ ជាការរំលឹកដ៏អាក្រក់មួយ អំពីរបៀបដែលសុខភាពរបស់មនុស្សរាប់លាននាក់អាចប្រឈមនឹងហានិភ័យយ៉ាងឆាប់រហ័ស ហើយថា សង្រ្គាមនឹងនាំមកនូវការបំផ្លិចបំផ្លាញ និងភាពភ័យរន្ធត់តែប៉ុណ្ណោះ។
លោក ថេដ្រូស បានបន្ថែមថា WHO អំពាវនាវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជនស៊ីវិលទាំងអស់ ហើយយើងបន្តអំពាវនាវឱ្យអ៊ីស្រាអែលគោរពតាមកាតព្វកិច្ចរបស់ខ្លួន ស្ថិតក្រោមច្បាប់អន្តរជាតិដើម្បីការពារជនស៊ីវិល និងកន្លែងថែទាំសុខភាព។
បន្ថែមលើនេះ លោក ថេដ្រូស បានគូសបញ្ជាក់ថា WHO កំពុងអំពាវនាវឱ្យមានការស្ដារឡើងវិញនូវការផ្គត់ផ្គង់អគ្គិសនី និងទឹកប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាអនុញ្ញាតឱ្យមានការផ្តល់ស្បៀងអាហារ, ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងជំនួយមនុស្សធម៌ផ្សេងទៀតជាបន្ទាន់ និងប្រកបដោយសុវត្ថិភាព៕