អង្គការសុខភាពពិភពលោក និយាយថាការបញ្ជាឲ្យជម្លៀសអ្នកជំងឺទាំងបង្ខំនឹងប៉ះពាល់ដល់ជីវិតអ្នកជំងឺរាប់រយនាក់
អន្តរជាតិ៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការជម្លៀសដោយបង្ខំ នៃមន្ទីរពេទ្យនានា ក្នុងតំបន់ហ្កាហ្សា នឹងបណ្ដាលឲ្យជីវិតអ្នកជំងឺរាប់រយនាក់ប្រឈមគ្រោះថ្នាក់ខ្លាំង។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ០៣ វិច្ឆិកា ២០២៣។
លោក ថេដ្រូស អាថាណម ហ្គេប្រីយេស៊ូស (Tedros Adhanom Ghebreyesus) ប្រមុខអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកយកសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ថា មន្ទីរពេទ្យចំនួន២៣ កន្លែង ត្រូវបានបញ្ជាឲ្យជម្លៀសអ្នកជំងឺចេញ នៅក្នុងតំបន់ហ្កាហ្សា និងតំបន់ហ្កាហ្សាខាងជើង ។
លោកបានព្រមានថា ការជម្លៀសដោយបង្ខំនៅក្នុងកាលៈទេសៈទាំងនេះ នឹងបណ្ដាលឲ្យជីវិតអ្នកជំងឺរាប់រយនាក់ ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត ។ លោក Tedros ក៏បានអំពាវនាវជាថ្មីផងដែរឲ្យមានបទឈប់បាញ់បែបមនុស្សធម៌ក្នុងសង្រ្គាមរវាងអ៊ីស្លាអែល និង ក្រុមហាម៉ាស ដើម្បីជួយអ្នករបួសរាប់ពាន់នាក់។
លោកបានបន្ថែមថាមានមនុស្សរងរបួសចំនួន២១.០០០នាក់ ទាំងសងខាង និង មនុស្សប្រមាណ ១.៤លាននាក់ ត្រូវបានជម្លៀសនៅក្នុងតំបន់ហ្កាហ្សា។
គួរឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានកើនឡើងដល់ជាង ១០.៣០០នាក់ ដោយពុំមានសញ្ញាធូរស្រាលណាមួយ នៅឡើយទេ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា៕RT