ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ គិតជាទឹកប្រាក់ជាង ២៣.៦ពាន់លានដុល្លារ
ភ្នំពេញ ៖ កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណជាង ២៣.៦ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ២៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមតារារបាយការណ៍គយ បានបង្ហាញថា ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ ស្មើនឹង ០.៨ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ធ្លាក់ចុះ ២២ភាគរយ បើធៀននឹងឆ្នាំ ២០២២។
ប្រភពដ ដែលបញ្ជាក់ថា ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៦.១៥ពាន់លានដុល្លារ រយៈពេល ៦ខែ ចាប់ពីខែ មករា-មិថុនា ឆ្នាំ ២០២៣។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា សរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៤.៣៥ពាន់លានដុល្លារ។ ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ សម្រេចបាន ២.៤ពាន់លានដុល្លារ មានការថយចុះជាង ២១ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១.៥ពាន់លានដុល្លារ កើនឡើងជាង ១០៨ភាគរយ, គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ សម្រេចបាន ជាង ៥៦៥លានដុល្លារ កើនឡើង ២៨៦ភាគរយ, ស្បែកជើង ស្រោមជើងជាង ៧០០លានដុល្លារ ធ្លាក់ចុះ ១៧ភាគរយ និងទំនិញផ្សេងៗដទៃទៀត៕EB