ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន វិនិយោគិន។

នាឱកាសអញ្ជើញអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃ១៣ វិច្ឆិកា សម្តេចធិបតីបានមានប្រសាសន៍ថា សេដ្ឋកិច្ចជាតិ គឺជាកត្តាសំខាន់ ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋតែម្ដង រាល់សេចក្ដីសម្រេចនានា ក្នុងវេទិកានេះ គឺមានអនុភាពខ្ពស់។

សម្ដេចធិបតីបញ្ជាក់ថា «វេទិកាថ្ងៃនេះ ក៏ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធូរជន វិនិយោគិន នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា»។

សម្ដេចធិបតីបន្ដថា មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះ គឺជាការសន្យារបស់ សម្ដេចធិបតី បានលើកឡើងក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ដ្រីនីតិកាលទី៧។ កិច្ចការងារដំបូងរបស់រាជដ្ឋាភិបាល តើអ្វីខ្លះជាកត្តាចំបាច់ អ្វីខ្លះជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ? ដូច្នេះ កិច្ចការងារនាថ្ងៃនេះ គឺជាប្រវត្តិសាស្ដ្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជា សម្រាប់សម្ដេចផ្ទាល់ ក្នុងការដឹកនាំវេទិកាជាលើកទី១ ហើយក៏ជាលើកទី១ដែរ ក្រោយវិបត្តិកូវីដ-១៩ ក្នុងរយៈពេល ៤ឆ្នាំ កន្លងទៅ។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា វេទិកានេះ ក៏បានបង្ហាញពីភាពបន្ទាន់ និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ ដែលមានបំណងធ្វើដំណើរការរួមគ្នារវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន តាំងពីដើមអាណត្តិឲ្យមានភាពស៊ីចង្វាក់គ្នា និងមានភាពសុខដុម ដើម្បីឈានទៅសម្រេចបានមហិតាខ្ពស់របស់កម្ពុជា គឺចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៥០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ