យន្តហោះគ្មានមនុស្សបើកធ្លាក់នៅជិតទីក្រុងមូស្គូ ខណៈរដ្ឋាភិបាលនេះបានប្រកាសផ្អាកការចរាចរណ៍ផ្លូវអាកាសជាបណ្តោះអាសន្ន
រុស្ស៊ី៖ ប្រទេសរុស្ស៊ីបាននិយាយថា ការការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកមួយ ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដោយបង្ខំឱ្យអាជ្ញាធរផ្អាកចរាចរណ៍ផ្លូវអាកាសនៅឯអាកាសយានដ្ឋានសំខាន់ចំនួនពីរនៃទីក្រុង ដែលជាលើកទីពីរក្នុងមួយសប្តាហ៍។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
ជាមួយគ្នានេះផងដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការការពារដែនអាកាសបានបំផ្លាញយន្តហោះគ្មានមនុស្សបើកពីរគ្រឿងផ្សេងទៀត នៅតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែនក្នុងថ្ងៃដដែល។
ក្រសួងការពារជាតិរុស្ស៊ីថា យន្តហោះដ្រូនអ៊ុយក្រែន២គ្រឿងដែលត្រូវបានបាញ់ទម្លាក់ដោយប្រើប្រព័ន្ធគាំងដំណើរការនោះ បានធ្លាក់ក្នុងទីក្រុង Bryansk ដោយមិនបណ្តាលឱ្យមានការខូចខាតអ្វីនោះឡើយ។រុស្ស៊ីក៏បាននិយាយផងដែរថា យន្តហោះប្រយុទ្ធ Sukhoi របស់ខ្លួន បានបំផ្លាញទូកឈ្លបយកការណ៍មួយគ្រឿង ដែលកំពុងធ្វើសកម្មភាពនៅទីតាំងផលិតឧស្ម័នរបស់រុស្ស៊ី ក្នុងសមុទ្រខ្មៅផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិត ជុំវិញហេតុការណ៍នេះឡើយ និងមិនបានប្រាប់ថាតើវាកើតឡើងពិតប្រាកដនៅទីតាំងណាមួយនោះទេ៕