ភ្នំពេញ ៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាការបង្រៀនឲ្យពួកគេចេះស្ទួចត្រី ដើម្បីចេះម្ចាស់ការលើនាវាជីវិតរបស់ខ្លួន ដោយមានជំនាញច្បាស់លាស់ភ្ជាប់មកជាមួយ។

ក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃ១៤ វិច្ឆិកា សម្តេចធិបតី ក៏បានណែនាំយុវជនមកពីគ្រួសារក្រីក្រ ត្រូវយកចិត្តទុកដាក់ និងខិតខំរៀនសូត្រនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេសនេះ។

សម្ដេចធិបតីគូសបញ្ជាក់ថា «បើយើងចំណេញពេល៣ខែ ៦ខែ ឬ១ឆ្នាំ ដើម្បីទាញយកជំនាញនៅក្នុងខ្លួនរបស់យើង ។ យើងអាចមានជម្រើសច្រើនសម្រាប់អនាគត។ រាជរដ្ឋាភិបាល មិនអាចទៅជួយផ្ដល់ត្រីជូនបងប្អូនរហូតទេ។ រាជរដ្ឋាភិបាល គ្រាន់តែជាអាណាព្យាបាលដែលអាចជួយបណ្ដុះបណ្ដាលឲ្យរឹងដៃ រឹងជើង និងផ្ដល់ឱកាសពេលចាំបាច់។ ប៉ុន្ដែរដ្ឋាភិបាលដូច ឪពុក-ម្ដាយ មិនអាចនៅជាមួយរហូតទេ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ដូច្នេះត្រូវទាមទារឲ្យយុវជន និងប្រជាពលរដ្ឋ ដែលទទួលបានផលពីជំនាញនេះ ត្រូវខិតខំរៀនសូត្រ ដើម្បីជួយឪពុក-ម្ដាយ និងខ្លួនឯង ព្រមទាំងទទួលបានជំនាញយ៉ាងពិតប្រាកដ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ