យ៉ាងហោចណាស់មនុស្ស ៤០ នាក់ស្លាប់ និងរងរបួសធ្ងន់ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះអគារផ្ទះល្វែងខ្នាតតូចក្នុងទីក្រុងហាណូយ
វៀតណាម៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់ ឬរងរបួស ខណៈដែលអគ្គីភ័យបានឆាបឆេះអគារផ្ទះល្វែងខ្នាតតូចក្នុងទីក្រុងហាណូយកាលពីយប់ថ្ងៃអង្គារ ប៉ុន្តែកងកម្លាំងបាននិយាយថា ប្រហែលជាមិនមែនជាចំនួនចុងក្រោយនោះទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpress នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣។
អគ្គីភ័យបានកើតឡើងនៅម៉ោង១១និង៥០នាទីយប់ នៅអគារអាផាតមិនខ្នាតតូចមួយនៅផ្លូវ Khuong Ha ក្នុងស្រុក Thanh Xuan ដែលមានមនុស្សប្រហែល១៥០នាក់រស់នៅក្នុងអគារនោះមានកម្ពស់១០ជាន់ដែលមានទំហំជាង២០០ ម៉ែត្រការ៉េ។
គិតត្រឹមព្រឹកថ្ងៃអង្គារ មនុស្ស ៧០ នាក់ត្រូវបានជួយសង្គ្រោះក្នុងនោះ ៥៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ភ្លើងបានរលត់អស់ហើយ ប៉ុន្តែកម្លាំងសង្គ្រោះកំពុងស្វែងរកជនរងគ្រោះបន្ថែមទៀត។ក្រុមគ្រូពេទ្យនៅ មន្ទីពេទ្យBach Mai ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលបានទទួលយកជនរងគ្រោះចំនួន ១៩នាក់ក្នុងអគ្គីភ័យបាននិយាយថា ២នាក់បានស្លាប់ ម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមានកុមារចំនួន៨ នាក់។
ក្រុមគ្រូពេទ្យនៅទីនោះបានលើកឡើងថា អ្នកជំងឺផ្សេងទៀត ក្នុងគ្រោះថ្នាក់នៃហេតុការន៍អគ្គីភ័យនេះ កំពុងទទួលការព្យាបាលសម្រាប់ការថប់ដង្ហើមនិងរបួស។ដោយឡែក ប៉ូលិសពន្លត់អគ្គិភ័យដែលប្រញាប់ប្រញាល់ទៅដល់កន្លែងនោះបានចូលទៅជិតអគារពីសងខាងដោយឡើងពីខាងក្រៅដើម្បីជួយសង្គ្រោះជនរងគ្រោះនៅជាន់ខាងលើ៕