ភ្នំពេញ ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ បានចេញបញ្ជាឱ្យមន្ដ្រីក្រោមឱវាទទប់ស្កាត់ជនជាប់ឃុំជាមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើសឧក្រិដ្ឋកម្មប៉ះពាល់សន្តិសុខជាតិ ជាដើម។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានណែនាំមន្ដ្រីពន្ធនាគារថា ត្រូវចាត់វិធានការម៉ឹងម៉ាត់ចំពោះភាពអសកម្មរបស់មន្រ្តី, ពិនិត្យវាយតម្លៃ អំពីគុណវុឌ្ឍិការងារដោយឈរលើសច្ចៈភាព តម្លាភាព និងគោលនយោបាយលើកទឹកចិត្តជូនរង្វាន់។

លោក អគ្គនាយក បានគូសបញ្ជាក់ថា «បង្ការទប់ស្កាត់សកម្មភាពល្មើសរបស់ជនជាប់ឃុំ, យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធិភាព ឆែកឆេរនៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំឃាំង ធ្វើការគ្រប់គ្រងឱ្យបានម៉ត់ចត់ ចំពោះមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើសឧក្រិដ្ឋប៉ះពាល់សន្តិសុខជាតិ»។

លោក អគ្គនាយក បន្ដថា រួមទាំងមុខសញ្ញាញុះញុងបង្កភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ជនជាប់ឃុំពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលមានសមត្ថភាពជំនាញ អាចកែឆ្នៃឧបករណ៍បង្គុំទូរស័ព្ទដៃ ជាមធ្យោយទំនាក់ទំនងប្រព្រឹត្តបទល្មើស អំពើឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

លើសពីនេះ លោក អគ្គនាយក បានឱ្យដឹងទៀតថា ពង្រឹង និងពង្រីកសមត្ថភាពអនុវត្តមុខងាររបស់មណ្ឌលអប់រំកែប្រែ ដើម្បីលើកស្ទួយកម្ម វិធីស្តារនីតិសម្បទា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងសមាហរណកម្មជនជាប់ឃុំ ចូលទៅសហគមន៍វិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ